កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងជំនួបជម្រាបលារបស់ឯកអគ្គរាជទូតជប៉ុន
នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបលា ។
ក្នុងកិច្ចជំនួបពិភាក្សា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ
និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រកម្ពុជា
ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា
រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច
និងសង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ ។ ជប៉ុន
បានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance –
ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្ត្រ,
ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា
និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា ។ ជាក់ស្ដែង,
តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ,
មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩
សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់សរុបចំនួន ៤២២
១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ
គម្រោង/កម្មវិធីកំពុងដំណើរការសរុបចំនួន ១២
និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣ ។